នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ និងចែកបណ្ណសរសើរដល់សិស្សានុសិស្ស នៃសាលាអន្តរជាតិអុិនតាច សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ស្ថិតក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលស្រុកចំការលើ អភិបាលរងក្រុង/ស្រុក មេឃុំ មេភូមិ ភ្ញៀវអន្តរជាតិ លោគ្រូអ្នកគ្រូ ហាកឹមតួន និងប្រជាពលរដ្ឋផងដែរ។
នាឱកាសនេះ ឯកឧត្តមសមាជិកព្រឹទ្ធសភា បានកោតសរសើរ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សាលាអន្តរជាតិអុិនតាច ទាំងអស់ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាបន្តបន្ទាប់របស់សាលាអន្តរជាតិអុិនតាច លើហេដ្ឋារចនាសម្ព័ន បច្ចេកវិទ្យា ការសិក្សាកែលម្អកម្មវិធី និងយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាល។
ឯកឧត្តមបានលើកឡើថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ប្អូនៗនៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែចំពោះខាងមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ ។
ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភា បានចូលរួមអបអរសាទរសិស្សានុសិស្សដែលជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ជម្នះរាល់ឧបសគ្គ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ និងក្លាយជាធនធានមនុស្សដ៏សំខាន់ រួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ លទ្ធផលដ៏ល្អប្រពៃនេះ ពិតជាមិនអាចកាត់ផ្តាច់ចេញបានពីការគាំទ្រ ការទំនុកបម្រុង និងការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ហើយកាន់តែសំខាន់ជាងនេះទៀត គឺកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាខិតខំប្រឹងប្រែងសម្រេចបានដោយលំបាក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ដាច់ខាត ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយបញ្ចប់កម្មវិធី ឯកឧត្តមក៏បានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារផងដែរ។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន